៦ ចំណុចដែលអ្នកត្រូវតែធ្វើឲ្យបានមុនអាយុ ២៥ឆ្នាំ បើចង់មានជីវិតជោគជ័យ
 ខែកញ្ញា ១៩, ២០១៧   ចៅ​ កំសត់   944 អ្នកបានមើល

លើ​លោក​នេះ​មាន​របស់​ជា​ច្រើន​មនុស្ស​អាច​ទិញ​បាន តែ​មួយ​ចំនួន​ក៏​ទិញ​មិន​បាន​ដែរ​។ តួយ៉ាង​ពេល​វេលា ទោះ​ជា​មាន​លុយ​ច្រើន​ប៉ុណ្ណា ក៏​គ្មាន​នរណា​អាច​ទិញ​បាន​ដែរ ពេល​វេលា​មិន​អាច​បក​ក្រោយ​នោះ​ទេ។ ​ដូចនេះ​ហើយ មនុស្ស​ម្នាក់ៗ ត្រូវ​ប្រើ​ពេល​វេលា​ឱ្យ​មាន​តម្លៃ បើ​ដូច្នោះ​ពេល​វេលា​ចេះ​តែ​ទៅ​មុខ វ័យ​កាន់​តែ​ចាស់​ ហើយ​មិន​ទាន់​មាន​អ្វី​ជា​ទម្ងន់​ជីវិត​។ ​ ចុះ​បើ​អាយុ​ ២៥​ឆ្នាំ​មនុស្ស​គ្រប់​គ្នា​គួរ​មាន​អ្វី​ខ្លះ​ក្នុង​ជីវិត​?

១.​ការងារ​ដែល​ជាក់​លាក់ និង​តំណែង​សមរម្យ

មក​ដល់​វ័យ​ ២៥​ឆ្នាំ​ហើយ គួរ​មាន​ការងារ​មួយ​ជាក់​លាក់​ តំណែង​សមរម្យ និង​ទទួល​បាន​ចំណូល​សមរម្យ មិន​មែន​នៅ​ធ្វើ​ការ​ប្រាក់​ខែ​ចាយ​មិន​គ្រប់​ខ្វះ​មុខ​ខ្វះ​ក្រោយ​នោះ​ទេ​។ ​លោក​សាស្ត្រាចារ្យ​សេដ្ឋកិច្ច​រូប​នេះ លើក​ឡើង​ទៀត​ថា ២៥ ឆ្នាំ​ជា​វ័យ​មួយ​ ដែល​គួរ​មាន​អ្វី​ឱ្យ​ច្បាស់លាស់ មិន​ថា​តែ​ចា​ការងារ​ទេ ពោល​គឺ​ជំនាញ​អ្វី​ក៏​ដោយ ត្រូវ​ឱ្យ​ច្បាស់ ព្រោះ​មិន​មែន​ជា​វ័យ​ដូច​កាល​សិក្សា​នៅ​វិទ្យាល័យ​ ឬ​សាកល​វិទ្យាល័យ​ទេ។ ដូច្នេះ​ហើយ​ត្រូវ​ខិត​ខំ​ប្រឹងប្រែង​ពី​ក្មេង​ឱ្យ​ហើយ ត្រូវ​ផ្ដល់​តម្លៃ​ឱ្យ​ពេល​វេលា កុំ​ចេះ​តែ​បណ្ដែត​បណ្ដោយ​ខ្លួន​រហូត​ដល់​វ័យ​កាន់​តែ​ជ្រេ មិន​មាន​អ្វី​ក្នុង​ខ្លួន​នោះ​។

​ ២. ​មាន​ផែន​ការ​ច្បាស់​លាស់​ក្នុង​ជីវិត

ទន្ទឹម​នឹង​មាន​ការងារ​ជាក់លាក់ ប្រាក់​ចំណូល​សមរម្យ​ហើយ​នោះ គឺ​ត្រូវ​កំណត់​ផែន​ការ​រយៈ​ពេល​វែង ថា​ប៉ុន្មាន​ឆ្នាំ​ទៀត​ ត្រូវ​មាន​គ្រួសារ ហើយ​ប៉ុន្មាន​ឆ្នាំ​ទៀត​ត្រូវ​មាន​ផ្ទះ មាន​ទ្រព្យ​សម្បត្តិ​? ​ដូចនេះ​ទាមទារ​ឱ្យ​កំណត់​ឱ្យ​ច្បាស់ និង​រក​ផ្លូវ​ដើរ​ឆ្ពោះ​ទៅ​រក​អ្វី​ដែល​បាន​កំណត់​នោះ មិន​មែន​ចេះ​តែ​កំណត់​ តែ​មិន​អនុវត្ត​នោះ​ឡើយ​។ លោក​បន្ថែម​ទៀត​ថា វ័យ​២៥​ឆ្នាំ បើ​មិន​ទាន់​បាន​កំណត់​រឿង​ទាំង​នេះ​ទេ ជីវិត​រៀង​ពិបាក​បន្តិច​ហើយ ព្រោះ​មិន​ដឹង​ដើរ​ទៅ​ផ្លូវ​ណា ដើរ​ដល់​ណា​​នោះ​ទេ​។

​ ៣. ​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ និង​ចាស់​ទុំ

នៅ​ត្រង់​ចំណុច​នេះ មាន​ន័យ​ថា វ័យ​២៥​ឆ្នាំ គឺ​ត្រូវ​ម៉ឺងម៉ាត់ ច្បាស់​លាស់​បន្តិច មិន​មែន​នៅ​ក្មេង​ទៀត​ទេ។ ភាព​ជា​អ្នក​ដឹក​នាំ គឺ​ត្រូវ​ចេះ​អភិវឌ្ឍ​ខ្លួន​ឯង ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន ហ៊ាន​សម្រេច​ចិត្ត​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​គិត​ថា ល្អ​ប្រសើរ ហ៊ាន​លះបង់​អ្វី​ដែល​គិត​ថា ឥត​ប្រយោជន៍​។ ​ដំណាក់​កាល​នេះ​ត្រូវ​ហ៊ាន​ប្រឈម​បញ្ហា ហ៊ាន​ឆ្លង​កាត់​អ្វី​ៗ​ដែល​លំបាក ហ្វឹក​ហាត់​ខ្លួន​ឯង​ឱ្យ​រឹង​មាំ ចេះ​អត់​ធ្មត់​ ចេះ​គ្រប់គ្រង​អារម្មណ៍​ ជា​ដើម​។ បើ​វ័យ​ ២៥​ឆ្នាំ មិន​មាន​ចំណុច​ទាំង​នេះ​ទេ មាន​ន័យ​ថា យើង​នៅ​មិន​ទាន់​មាន​ភាព​ជា​អ្នក​ដឹក​នាំ និង​ចាស់​ទុំ​នៅ​ឡើយ​ទេ​។

៤. ​សល់​លុយ​កាក់​និង​ទ្រព្យ​សម្បត្តិ​ខ្លះ

អាយុ​ ២៥​ឆ្នាំ​ហើយ គួរ​សល់​លុយ​កាក់ ឬ​ទ្រព្យ​សម្បត្តិ​ខ្លះ​ទោះ​តិច​ឬ​ច្រើន​ក្ដី មិនមែន​ដល់​វ័យ​នេះ​ហើយ​គ្មាន​អ្វី​ដែល​ជា​របស់​ខ្លួន​ឯង​នោះ​ទេ​។ ត្រង់​ចំណុច​នេះ សំដៅ​ថា គួរ​មាន​សល់​លុយ​ខ្លះ​សម្រាប់​សន្សំ ដើម្បី​សម្រេច​ផែន​ការ​អនាគត ឬ​អាច​សល់​ជា​ទ្រព្យ​សម្បត្តិ​ខ្លះ​ក៏​បាន តាម​រយៈ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​សមត្ថភាព ចំណេះ​ដឹង​ដែល​ខ្លួន​ឯង​មាន​។

​ ​៥. ឯករាជ្យ​ភាព​លើ​ខ្លួន​ឯង​កុំ​ធ្វើ​ជា​បន្ទុក​គ្រួសារ​ត​ទៅ​ទៀត

ចំណុច​នេះ កាន់​តែ​សំខាន់ ២៥​ឆ្នាំ មិន​មែន​ជា​វ័យ​លា​ដៃ​សុំ​លុយ​ឪពុកម្ដាយ​ទៀត​ឡើយ​ តែ​ជា​វ័យ​គួរ​តែ​មាន​លុយ​ជូន​ឪពុក​ម្ដាយ​ទើប​ជា​ការ​ប្រសើរ​។ សាស្ត្រាចារ្យ​សេដ្ឋកិច្ច​រូប​នេះ លើក​ឡើង​ថា បើ​មិន​បាន​ជួយ​អ្វី​ដល់​គ្រួសារ​ច្រើន ប៉ុន្តែ​កុំ​ធ្វើ​ជា​បន្ទុក​ទៀត​អី គួរ​មាន​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង និង​រៀន​រស់​ដោយ​ខ្លួន​ឯង​ហើយ​ ជា​ពិសេស​នោះ​គឺ​ការ​ជួយ​សម្រួល​ដល់​គ្រួសារ​វិញ គឺ​ជា​រឿង​ល្អ​បំផុត​។

​​ ៦. ​សម្រេច​ភាព​ជោគជ័យ​មួយ​ចំនួន​ក្នុង​ជីវិត

ទោះ​ជា​មិន​ទាន់​បាន​សម្រេច​ជោគជ័យ​អ្វី​ជា​ដុំ​កំភួន​តែ​វ័យ​នេះ គួរ​សម្រេច​ជោគជ័យ​ខ្លះៗ ដូច​ជា​បញ្ចប់​ការ​សិក្សា មាន​ការ​ងារ​ជាក់លាក់ មាន​ផែន​ការ​ក្នុង​ជីវិត មាន​ភាព​ជា​អ្នក​ដឹក​នាំ មាន​ហ្វឹក​ហាត់​អប់រំ​ចិត្ត​ជា​មនុស្ស​មាន​ឧត្ដម​គតិ​ខ្ពស់ អាច​ជួយ​ដល់​គ្រួសារ ជា​ដើម​។ ចំណុច​ទាំង​នេះ​ហើយ​គួរ​តែ​ធ្វើ​ឱ្យ​បាន​ក្នុង​វ័យ​នេះ ហើយ​ជា​រឿង​ដ៏​ល្អ​បំផុត សម្រាប់​មនុស្ស​ម្នាក់ៗ​៕​​ប្រភព៖ Sabay

សូមផ្ដល់មតិយោបល់ក្នុងប្រអប់ខាងក្រោម សូមអរគុណ!

អត្ថបទបន្ថែម

Loading...
Loading...