បណ្ឌិត ស៊ុយ សារ៉េត ដែលសង្ស័យថាបុករះហើយត្រូវពលរដ្ឋវាយជិតស្លាប់ ប្ដឹងទារសំណងចំនួន……
 ខែមីនា ១៤, ២០១៨   ចៅ​ កំសត់   133 អ្នកបានមើល

ភ្នំពេញ៖ លោកបណ្ឌិត ស៊ុយ សារ៉េត ដែលត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ព្រួតគ្នាវាយស្ទើរស្លាប់ បន្ទាប់ពីសង្ស័យថាបានបើកបររថយន្តសេរីទំនើបមួយគ្រឿងបុករះម៉ូតូជាច្រើនគ្រឿង និងបង្ករអោយមានមនុស្សស្លាប់ ហើយព្យាយាមបើករត់ កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៨នោះ បានដាក់ពាក្យបណ្ដឹងប្ដឹងទៅ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អោយជួយរកយុត្តិធម៌ ក៍ដូចជាតាមចាប់ខ្លួនក្រុមជនបង្ករហឹង្សាយកមកផ្ដន្ទាទោស និងទាមទារសងជម្ងឺចិត្តជាទឹកប្រាក់ចំនួន១.២០០.០០០.០០០៛ (មួយពាន់ពីររយលានរៀល)។ បើតាមពាក្យបណ្ដឹងរបស់លោកបណ្ឌិត ស៊ុយ សារ៉េត ដែលប្ដឹងតាមរយៈមេធាវី ឈី សម្បត្តិ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ បានរៀបរាប់ថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ខណៈពេលដែលលោកបណ្ឌិត ស៊ុយ សារ៉េត កំពុងបើកបររថយន្តមកដល់ចំណុចវត្តទួល ស្ថិតក្នុងខណ្ឌឬស្សីកែវ ស្រាប់តែមានបុរសម្នាក់បើកបរម៉ូតូក្នុងស្ថានភាពស្រវឹងខ្លាំងបានដួលម៉ូតូក្បែរថយន្តរបស់គាត់ ពេលនោះស្រាប់តែមានក្រុមជនបង្ករមួយក្រុមបាននាំគ្នាស្រែកឡើងថា៖ «គាត់បានបុកគេស្លាប់» និងបានស្រែកគំរាមវាយប្រហារលើគាត់ បណ្ដាលអៅយគាត់មានការភិតភ័យហើយក៍សម្រេចចិត្តបើករថយន្តចេញពីកន្លែងកើតហេតុដើម្បីរកទីកន្លែងសវុត្ថិភាព ចំណែកក្រុមជនបង្ករបាននាំគ្នាស្រែកកាន់តែខ្លាំងថា «គាត់បានបុកគេស្លាប់ហើយរត់គេចខ្លួន» និងបានបើកម៉ូតូតាមរថយន្តរបស់គាត់យ៉ាងប្រកៀកប្រកិតបំផុត។ ប៉ុន្តែពេលរថយន្តរបស់គាត់បានមកចំណុចមន្ទីរពេទ្យលោកសង្ឃ គាត់ក៍បានបាត់បង់ភាពម្ចាស់ការដោយសារភាពភ័យខ្លាច ទើបធ្វើអោយគាត់បានជ្រុលចង្កូតកៀរម៉ូតូអ្នកដំណើរម្នាក់អោយដួល បណ្ដាលអោយមានរបួសតែដោយសារការទទួលខុសត្រូវគាត់ក៍បានឈប់រថយន្តបំណងចុះទៅមើលអ្នករបួស ស្រាប់តែក្រុមជនបង្ករក៍បានតាមទាន់រថយន្តរបស់គាត់ ហើយបានប្រព្រឹត្តអំពើហិង្សាទៅលើគាត់ និងរថយន្តរបស់គាត់យ៉ាងសាហាវឃោរឃៅជាទីបំផុត ដោយអ្នកខ្លះបានប្រើប្រាស់មួកសុវត្តិភាព ដុំថ្ម និងសម្ភារៈផ្សេងៗទៀតធ្វើជាមធ្យោបាយដើម្បីវាយប្រហារមកលើគាត់ រីឯអ្នកខ្លះទៀតបានប្រើដៃ ជើង វាយទាត់ធាក់មកលើគាត់ បណ្ដាលអោយគាត់រងរបួសយ៉ាងធ្ងន់ធ្រអាចនឹងប៉ះពាល់ដល់អាយុជិវិត (បច្ចុប្បន្នកំពុងតែទទួលការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម) ជាងនេះទៅទៀតរថយន្តរបស់គាត់ត្រូវបានខូចខាតស្ទើរតែទាំងស្រុង រីឯទូរសព្ទៃ និងកាបូបលុយដែលមានប្រាក់ជិត៣០០០ដុល្លាសហរដ្ឋអាមេរិក ក៍បានបាត់បង់នៅពេលនោះផងដែរ។ សូមរម្លឹកថា អ្នកបើកបររថយន្តបុករះហើយរត់គឺមានច្រើនករណីហើយនៅក្នុងទីក្រុងភ្នំពេញ ហើយក៍មានច្រើនករណីដែរដែលត្រូវបានប្រជាពលរដ្ឋព្រួតគ្នាវាយស្ទើរស្លាប់នោះ ព្រោះតែប្រជាពលរដ្ឋមួយចំនួនមិនសូវទុកចិត្តនឹងនីតិវិធីរបស់មន្ត្រីសមត្ថកិច្ច។ប្រភព៖ chsknews

សូមផ្ដល់មតិយោបល់ក្នុងប្រអប់ខាងក្រោម សូមអរគុណ!

អត្ថបទបន្ថែម

Loading...
Loading...